មតិស្វាគមន៍
សូមជម្រាបសួរសិស្សានុសិស្ស មាតាបិតាឬអ្នកអាណាព្យាបាល និងសាធារណជនទាំងអស់!
ជាបឋមខ្ញុំបាទ សូមថ្លែងអំណរគុណលោកអ្នកទាំងអស់គ្នាចំពោះចំណាប់អារម្មណ៍លើសាលារៀនសហគមន៍២១ ខ្ញុំបាទសូមជម្រាបជូនអស់លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ឱ្យបានជ្រាបថា៖ នេះជា កិត្តិយសដ៏ធំធេង និងជាមោទកភាពដ៏អស្ចារ្យណាស់សម្រាប់រូបខ្ញុំ ដែលបាននឹងកំពុងចូលរួមជាមួយមាតាបិតា អ្នកអាណាព្យាបាល ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាក្នុងទិសដៅបន្តលើកកម្ពស់ និងអភិវឌ្ឍវិស័យអប់រំតាមសហគមន៍នៅក្នុងប្រទេសកម្ពុជា។ មកទល់ពេលនេះ បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប ដែលមានសាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ និងសាលាអន្តរជាតិ ហ្វររ៉េសហៀល បានផ្តល់ជូននូវការអប់រំ និងបណ្តុះបណ្តាលដល់បុត្រធីតា និងសាធារណៈជនទូទៅអស់រយៈកាលជាង១៥ឆ្នាំមកហើយ។ បទពិសោធន៍ទាំងនេះបានបណ្តុះឡើងក្នុងចិត្តខ្ញុំ និងបុគ្គលិកគ្របលំដាប់ថ្នាក់នូវមនោសញ្ចេតនា ស្រឡាញ់យ៉ាងជ្រាលជ្រៅជាមួយកុលបុត្រ កុលធីតាខ្មែរ និងមានឆន្ទៈចង់រួមចំណែកអភិវឌ្ឍពួកគេឱ្យក្លាយជាសសរគ្រឹះដ៏រឹងមាំមួយសម្រាប់សង្គមជាតិកម្ពុជាយើង។
បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប បានសម្រេចចិត្តបង្កើតសាលារៀនសហគមន៍២១នេះឡើង ដើម្បីផ្តល់នូវសេវាកម្មអប់រំដែលមានគុណភាពខ្ពស់មួយតាមស្តង់ដាគុណភាពអប់រំជាតិ ហើយសិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលនឹងចំណាយលើថ្លៃសិក្សា និងសេវាផ្សេងៗ ក្នុងតម្លៃមួយទាបសមរម្យ។ ក្តីសុបិនរបស់យើងខ្ញុំ គឺចង់ផ្តល់ជូនដល់កូនខ្មែរយើងគ្រប់រូបនូវសេវាកម្មអប់រំមួយដល់សិស្សគ្រប់រូប ដែលបានមកសិក្សានៅសាលារៀនសហគមន៍២១ ឱ្យទទួលបាននូវចំណេះដឹង ជំនាញ សមត្ថភាពបំពេញការងារល្អ ព្រមទាំងមានផ្នត់គំនិតចរិយាសម្បត្តិថ្លៃថ្នូរ។ សិស្សានុសិស្សទាំងអស់នឹងក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ នឺងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគមន៍ដែលពួកគេកំពុងរស់នៅផងដែរ។
ជាថ្មីម្តងទៀត ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍របស់សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនទូទៅលើសាលារៀនសហគមន៍២១ ហើយគណៈគ្រប់គ្រងយើងខ្ញុំ ព្រមទាំងបុគ្គលិក និងគ្រូបង្រៀនទាំងអស់ទន្ទឹងរង់ចាំដោយរីករាយ ដើម្បីសហការអប់រំបុត្រធីតារបស់លោកអ្នក ឱ្យក្លាយទៅជាអ្នកដឹកនាំប្រកបដោយចំណេះដឹងខ្ពស់ ជំនាញច្បាស់លាស់ ព្រមទាំងចរិយាសម្បត្តិ និងផ្នត់គំនិតថ្លៃថ្នូរ។
“កិត្តិយស កិត្តិនាម ស្នាមញញឹម និងសុភមង្គលរបស់យើងជាមាតាបិតា ស្ថិតនៅលើការរីកចម្រើន របស់បុត្រធីតាគ្រប់រូប។ សូមអនុញ្ញាតឱ្យយើងខ្ញុំចូលរួមសម្រេចក្តីសុបិននេះជូនលោកអ្នក
សូមអរគុណ!